ភ្នំពេញ ៖ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង៦ព្រឹក លើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានធ្វើឲ្យកម្មករ-កម្មការិនីជិះ ក្នុងរថយន្ត២នាក់ រងរបួសនោះ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ លទ្ធផលបានបង្ហាញថា មានកម្មករ៥នាក់បានផ្ទុកជំងឺកូវីដ១៩។ នេះបើតាមការផ្សាយ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបង្កឡើងដោយរថយន្តដឹកកម្មករគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ។
តាមការបញ្ជាក់ ពីកម្លាំងនគរបាលក្រោយ ទទួលបានព័ត៌មាន អ្នកជំនាញបានចុះទៅកាន់គោលដៅនិងបានជួយសង្រ្គោះបន្ទាន់ ក្នុងនោះកម្មករ-កម្មការិនី រងរបួសមានចំនួន ២១នាក់ ស្រី៩នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៦ នាក់ស្រី កំលាំងនគរបាលបន្តជួយជនរងគ្រោះផ្សេងទៀត។
ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ដកំពង់ស្ពឺ គ្រូពេទ្យបានធ្វើតេស្ដយកសំណាកតាមឧបរកណ៍រហ័ស RDT កម្មកររងគ្រោះទាំង ២១នាក់ រកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន៥នាក់ និងអ្នករងគ្រោះ ១៥នាក់ អវិជ្ជមាន ត្រូវបន្ដព្យាបាល (របួសផង+កូវីដ១៩ផង) និងធ្វើចត្ដាឡីស័កដាច់ដោយឡែកទៀត ៕