ភ្នំពេញ៖ យុវជនជាជាងពេជ្រជនជាតិវៀតណាមម្នាក់ កំពុងជិះម៉ូតូឌុបសង្សារសុខៗ ស្រាប់តែក្មេងឈាមរាវ ២នាក់ជិះម៉ូតូ ដេញតាមកាប់សម្លាប់ រួចនាំនារីជាអ្នករួមដំណើរជាមួយជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅមុខការដ្ឋានដឹកខ្សាច់មួយកន្លែង តាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះជាជនជាតិវៀតណាម ភេទប្រុស មានអាយុ១៩ឆ្នាំ មុខរបបជាងពេជ្រ នៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ និងស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ និងនារីម្នាក់ទៀតជិះម៉ូតូ ១គ្រឿងម៉ាកនិច ពណ៌ស លាយឈាមជ្រូក ពាក់ស្លាកភ្នំពេញ 1GN-2249 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ព្រមទាំងមានជនសង្ស័យ ២នាក់ដេញតាមកាប់ពីក្រោយ ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោជិះគេច ពីជនសង្ស័យជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យដួល ។ ក្រោយពេលជនរងគ្រោះដួល ភ្លាមៗជនសង្ស័យក៏បានវាយ និងកាប់ទៅលើជនរងគ្រោះទាំងកំរោល បណ្ដាលឲ្យដេកដួលនៅនិងកន្លែង រួចនាំយកនារីម្នាក់ដែល បានជិះជាមួយជនរងគ្រោះគេចខ្លួនទៅបាត់ ។
ជាមួយគ្នានោះសមត្ថកិច្ចជំនាញបានចុះមកដល់ កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យទៅលើសពជនរងគ្រោះ រួចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ ដោយសារអំពើហិង្សា ដោយចេតនា បន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកជនដៃដល់ ត្រូវបានសមត្ថកិច្ចជំនាញកំពុង ធ្វើការស្រាវជ្រាវតាមប្រមាញ់ យកមកផ្ដន្ទាទោសតាមច្បាប់ ៕