សម្ដេចតេជោ ហ៊ុន សែន ស្នើអាមេរិកបង្វិលបំណុល ដែលកម្ពុជាជំពាក់មកធ្វើជាជំនួយ លើវិស័យសំខាន់ៗចំនួន៣

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោ​ះស្រាយបំណុល ដែលកម្ពុជាជំពាក់ ត្រូវបង្វិលមកធ្វើជាជំនួយ ដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោ​ះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុ​ះជាដើម ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចកាលពី ១៣ម៉ោងមុន បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី Wendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកស្រី Wendy R. Sherman បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ លោកប្រធានាធិបតី Joe Biden គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ។ លោកស្រីក៏បានបន្ថែមថា នេះគឺជាបំណងរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗ មានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចតេជោ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលរួមមានទាំង ការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់ សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោ​ះអ្វី ដែលលោកជំទាវបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិក បានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែកក្នុងការ ស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិក ជួយដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធឆាំងជំងឺរាតត្បាត​កូ​វី​​ដ១​៩​។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកស្រីផងដែរ ក្នុងឱកាសដែលលោកស្រី Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេសអ្វីដែលលោកស្រីបានលើកឡើង ដូចជាការដោ​ះស្រាយបំណុល សម្ដេចតេជោបានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេសប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោ​ះស្រាយបំណុល ដែលកម្ពុជាមានចំពោ​ះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖ ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ, ទី២) សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និង, ទី៣) បំណុលដែលកម្ពុជាជំពាក់ សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុ​ះជាដើម ។

លើសពីនេះទៅទៀតសម្ដេចតេជោ ក៏សូមស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជា ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ។

ជាការឆ្លើយតប លោកស្រី ក៏បានថ្លែងអំណរគុណចំពោ​ះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំស្រីសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកស្រីនឹងជម្រាបជូនប្រធានាធិបតី Joe Biden ៕