ភ្នំពេញ៖ កម្លាំងនគរបាលជំនាញបើកការស្រាវជ្រាវ ស៊ើបអង្កេតរហូតប្រមាញ់បានជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់ មកអនុវត្ដតាមនីតិវិធីច្បាប់ ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញផែនការងារនគរបាល ព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតប្រមាញ់បានជនសង្ស័យ តាមដីកាបង្គាប់ឲ្យនាំខ្លួនលើឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណារ៉ាន់ ពីបទហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចកោះស្វា ស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ មួយបានកើតឡើង ដែលបង្កដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ១គ្រាប់បណ្តាលឱ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ១កន្លែង (មូលហេតុមានទំនាស់ពាក្សសំដី)
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងបានយកអាវុធដែលបង្កមកបំផ្លុងចោលនៅគៀនរបង ក្នុងបរិវេនអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងភា្លមនោះ ដោយទទួលបានអនុសាសន៍ចង្អុលដឹកនាំដ៏ខ្ពងខ្ពស់ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង តាមស្រាវជ្រាវ ស៊ើបអង្កេតស្វែងរកជនសង្ស័យខាងលើ មកអនុវត្ដតាមនីតិវិធីច្បាប់ ។
រហូតមកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤១៦ ព.ស ចុះថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានឃាត់និងនាំខ្លួនឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅត្រង់ចំណុចភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អេង សុខវ៉ាន់ ត្រូវបាននាំខ្លួនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕