ភ្នំពេញ៖ ដើមឈើប្រណីតប្រភេទគ្រញូង ១ដើម ត្រូវក្រុមជនមិនស្គាល់មុខ ចូលលួចកាប់នៅក្នុងតំបន់អង្គរ បម្រុងដឹកចេញតែត្រូវសមត្ថកិច្ចដឹង ទៅទប់ស្កាត់ទាន់តែក្រុមជនសង្ស័យ រត់គេចបាត់អស់។ ហេតុការណ៍នេះបានកើតឡើង នៅត្រង់ម្តុំភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបកាលពីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២១។
ដើមឈើគ្រញូងនេះ ក្រោយកាប់ផ្តួលរួចត្រូវ ជនសង្ស័យកាត់ជាកង់ៗ មានមុខកាត់ទំហំ ០,២០ម៉ែត្រគុណនឹងមួយម៉ែត្រ ចំនួនមួយដុំ ០,២០ម៉ែត្រ គុណនឹង ០,៥០ម៉ែត្រចំនួនមួយដុំនិង ០,១០ម៉ែត្រគុណនឹង១,៥០ម៉ែត្រមួយដុំ។ ពួកគេបម្រុងយករថយន្តទៅដឹកតែ ត្រូវបែកការណ៍ដល់សមត្ថកិច្ច ក៏នាំគ្នាគេចខ្លួនបាត់អស់បន្សល់ទុក តែវត្ថុតាងនៅកន្លែងកើតហេតុ។
មន្រី្តឧទ្យានុរក្សប្រចាំតំបន់អង្គរ ក៏បាននឹងកំពុងស្រាវជ្រាវរកមុខជនសង្ស័យ ដើម្បីចាប់ខ្លួនបញ្ជូនទៅតុលាការ។ ចំណែកឈើគ្រញូង ១ដើមនេះត្រូវដឹកយកមករក្សាទុក នៅទីស្នាក់ការតំបន់ការពារ ទេសភាពអង្គរទុកជាសម្ប្បត្តិរដ្ឋ ៕

