ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធ កាប់ចាក់គ្នាទាំងយប់ បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះទៅធ្វើអន្តរាគមន៍ កាលពីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១នៅក្នុងទឹកដី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅក្បែរនោះ បានឱ្យដឹងថានៅមុនពេល កើតហេតុគេបានឃើញ ក្មេងស្ទាវមួយក្រុមស្រែកឡូឡា ហើយថែមទាំងនិយាយឌឺដង ឡែបខាយសម្តីដាក់គ្នា មានទាំងដាវដំបង និងកាំបិតដេញកាប់ចាក់គ្នា ទាំងយប់បណ្ដាលឱ្យ មានអ្នករងរបួសឈាម ហូរស្រោចខ្លួន បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះ ទៅបំបែករត់ចែក ផ្លូវគ្នាបាតជើងសព្រាត។
ចំពោះជនដែលបានរងរបួស ដោយសារភាគីម្ខាងទៀត កាប់ចាក់ត្រូវនោះ មានឈ្មោះហេង ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានបក្ខពួកបញ្ជូន ទៅលាក់ខ្លួនសំងំ ព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ ហ្វាមីលី ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ភ្លាមៗនោះ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានសហការគ្នាជាមួយនឹង កម្លាំងនគរបាលខណ្ឌសែនសុខ ចុះទៅដល់កន្លែងមន្ទីរសម្ភពសម្រាកព្យាបាល ហ្វាមីលី នោះតែម្ដងដើម្បីធ្វើការស៊ើបអង្កេត និងកំណត់មុខសញ្ញា ដល់ក្មេងស្ទាវទាំង២ក្រុមនេះ ដើម្បីចាប់ខ្លួនយកមកធ្វើការសាកសួរ និងផ្ដន្ទាទោស ទៅតាមនីតិវិធីច្បាប់៕