ភ្នំពេញ៖ ជាឪពុកម្នាក់ចាប់រំលោភ សេពសន្ថវៈ មកលើកូនស្រី អនីតិជនអាយុ៩ឆ្នាំ បានសម្រេចជាច្រើនដង ទើបបែកការណ៍ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ៤(គ៦០)ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
បុរសជាឪពុកឈ្មោះ ស្រី សាវឿនអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពុងចាម មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ៤(គ៦០) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ រីឯកូនស្រីអាយុ០៩ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយឪពុកបង្កើត។
យោងតាមការបំភ្លឺ របស់ក្មេងស្រីរងគ្រោះ(កូនស្រី)បានបញ្ជាក់ថា ខ្លួនជាកូនកំព្រា ត្រូវម្ដាយរត់ចោលដោយសារ រស់នៅមិនចុះសម្រុងជាមួយនឹងឪពុករបស់ខ្លួន ។ ក្មេងស្រីរងគ្រោះ បានប្រាប់ថានាង មានបងប្អូនចំនួន៤នាក់ តែបងៗចេញពីបន្ទុក គ្រួសារអស់ហើយ នៅសល់តែរូបខ្លួនជាកូនពៅ រស់នៅ ២នាក់ ជាមួយឪពុកបង្កើត។ ក្មេងស្រីរងគ្រោះ បានបន្ថែមទៀតថា ឪពុកបានចាប់រំលោភខ្លួនរហូតដល់ទៅ ៥ដងមកហើយ មានពេលខ្លះយប់,ពេលថ្ងៃ,ពេលព្រឹក និងពេលទៀបភ្លឺក៏មានដែរ។
បន្ទាប់មកសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បានយកក្មេងស្រីរងគ្រោះ មកធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្តជាលទ្ធផលឃើញថា ពិតជា មានរបួសស្នាម នៅត្រង់ចំណុចទ្វារមាស ពិតប្រាកដមែន។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោស ទៅតាមច្បាប់៕