ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តទំនើបគេចម៉ូតូ ជ្រុលទៅបុកសណ្ឋាគារមួយកន្លែង បណ្ដាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ ផ្នែកខាងមុខនិងជញ្ជាំង សណ្ឋាគារនោះក៏ខូចខាតច្រើនដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះកើត នៅផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
ប៉ូលិសចរាចរណ៍បានឱ្យដឹងថា រថយន្តបង្កម៉ាក អូឌីឃ្យូសេវែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-1799 បើកដោយបុរសចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ចិនម្នាក់នេះ បើករថយន្តមក ដល់កន្លែងកើតហេតុបានបត់ស្ដាំចូល អតីតសណ្ឋាគារ តាយ ម៉េង ស្រាប់តែលេចចេញម៉ូតូបើកចេញមកក្រៅ បង្កឱ្យអ្នកបើករថយន្តបួងចង្កូតគេចជ្រុល ទៅបុកសណ្ឋាគារបែកកញ្ចក់ ផើងផ្កា និងរថយន្តរងការខូចខាតយ៉ាងដំណំតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅដល់ទីតាំងឱ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយខាងរថយន្តសុខចិត្តជួយចេញថ្លៃខូចខាត ទៅខាងសណ្ឋាគារដើម្បីបញ្ចប់រឿង ៕





