ភ្នំពេញ៖ កម្មករ-កម្មការីនី ប្រមាណ១ពាន់នាក់ ដោយមានការភ័យខ្លាច ខ្លួនកើតជំងឺកូវីដ១៩ ក៏បាននាំគ្នាសម្រុកចេញ ពីកន្លែងធ្វើតេស្ដសំណាក ក្នុងរោងចក្រ តម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយអាជ្ញាធរសម្រេច ធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងនោះរកឃើញ ជំហានដំបូងជិត៦០នាក់ ។
ជាមួយក្នានេះ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកកម្មករ ទាំងអស់ជ្រាបថា វេលាម៉ោង ៣:៥០នាទី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្មករ-កម្មការិនី រោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានត្រលប់ទៅលំនៅដ្ឋានវិញនាល្ងាចនេះ សូមធ្វើចត្តាឡីស័កតាមដានសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជូន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕