ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៍ បានលើកឡើងថា សកម្មភាពកម្មកររោចក្រ A and J នាំគ្នាសម្រុកចេញពីកន្លែងយកសំណាក គឺជាអំពើមិនសហការ ជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយ ផ្តន្ទាទោស ជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ! ។
ការលើកឡើងនេះ ក្រោយពីមានករណី កម្មករ-កម្មការិនី ប្រមាណ១ពាន់នាក់ បាននាំគ្នាសម្រុកចេញ ពីកន្លែងធ្វើតេស្ដសំណាក រកមេរោគកូវីដ១៩ នៅក្រុងបាវិត
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក គឹម សន្តិភាព បានលើកឡើងថា សូមជម្រាបជូនថា ការយកសំណាកចំពោះបុគ្គលដែលមានការពាក់ព័ន្ធ ឬសង្ស័យថាមានការជាប់ពាក់ព័ន្ធ នឹងអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ គឺជាវិធានការសុខាភិបាលមួយ ដែលមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លង នៃជំងឺកូវីដ-១៩ ។
លោកបញ្ជាក់ថា «សកម្មភាពដែលកើត មាននៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាក ទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយផ្តន្ទាទោស ជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ហើយការបង់ប្រាក់ពិន័យ អន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ច ក្នុងការឱ្យមន្រ្តីសុខាភិបាល យកសំណាកទៅវិភាគ រកមេរោគកូវីដ-១៩ នោះទេ យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ៥៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត» ។
លោកបន្ថែមថា ចំពោះអ្នកផ្តើមគំនិត និងអ្នកចូលរួមបង្កការរារាំង ដល់ការអនុវត្តវិធានការសុខាភិបាល ខាងលើនេះ អាចជាប់ពន្ធនាគាររហូតដល់ ៥(ប្រាំ)ឆ្នាំ យោងតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕