ក្រសួង ណែនាំឱ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងការធ្វើចត្តាឡីស័ក និងធ្វើតេស្ត ចំពោះអ្នកដំណើរ មកពីតំបន់ហានិភ័យ

0

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ណែនាំឱ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងការធ្វើចត្តាឡីស័ក និងធ្វើតេស្តចំពោះអ្នកដំណើរ មកប្រទេស មានហានិភ័យខ្ពស់។

ការចេញសេចក្ដីណែនាំនេះ បន្ទាប់ពីសង្កេតឃើញ ពីការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ នៅតាមបណ្ដាប្រទេសជិតខាង ហើយពិសេស ពលករចំណាកស្រុក ដែលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ក៏មានករណីរកឃើញ វិជ្ជមានកូវីដ១៩ច្រើនផងដែរ ។

តាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖
-ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យបានខ្ចាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ថភាព។
-ពង្រីកការធ្វើតេស្ដកូវីដ១៩ លើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេសប្រទេសថៃ។
-ពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធាការការពារ ការចម្លងជំងឺកូវីដ១៩ ព្រមទាំងជំរុញលើកទឹឹកចិត្តប្រជាជន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យស្រប់តាមរបត់នៃ ”ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ ” តាមការណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ដោយប្រកាន់យកនូវការអនុវត្តន៍ ៣ការពារ (ពាក់ម៉ាស់ លាងដៃ ឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព បុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងសរុប២៦,៩៨៩ នាក់ ក្នុងនោះព្យាបាលអ្នកជាសះស្បើយ១៩,៧៧២ នាក់ និងមានអ្នកស្លាប់១៩០ នាក់៕