ភ្នំពេញ៖ សាកសពក្មេងប្រុសម្នាក់ ត្រូវបានឪពុកម្តាយរកឃើញ នៅក្នុងស្រះទឹក ក្រោយបាត់ខ្លួនអស់រយៈពេល១ថ្ងៃ ហេតុការនេះកើតឡើងនៅវេលាម៉ោង១៦.២០នាទី នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិជ្រោយស្វាយកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានអោយដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ សោ នី អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានបាត់ខ្លួនតាំងពីវេលាម៉ោងជាង៤រសៀល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទ២៦ ខែឧសភា ឆ្នាំ២០២១ ទើបឪពុកម្តាយ បានរកឃើញសាកសពក្មេងរងគ្រោះនៅចំណុចស្រះទឹកក្រោយផ្ទះ ។
ប្រភពខាងលើបន្តថា មូលហេតុដែលនាំអោយក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់ គឺដោយសារក្មេងប្រុសរងគ្រោះ ជាក្មេងរពឹសដើរលែងច្រើន ហើយបានលួចចេញទៅលែងទឹកស្រះខាងក្រោយផ្ទះ បណ្តាលអោយលង់ស្លាប់ ។
ក្រោយការពិនិត្យពីជំនាញរួចរាល់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ជុំវិញបញ្ហាខាងលើសមត្ថកិច្ច សូមធ្វើការស្នើរដល់អាណាព្យាបាលទាំងអស់ដែលមានកូនតូចៗ មេត្តាបង្កើនការប្រុងប្រយ័ត្ន លើកូនតូចៗរបស់ខ្លួន ខណៈរដូវនេះមានភ្លៀងធ្លាក់ច្រើន បង្កអោយទឹកស្រះ ទន្លេ បឹងបួរ អណ្តូង មានសភាពទឹកច្រើន ដែលជាហេតុបង្កហានិភ័យខ្ពស់ចំពោះក្មេងតូចៗ ៕

