ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនបុរសម្នាក់ ពីបទរំលោភក្មេងស្រីអាយុ១៤ឆ្នាំ ដែលជួលបន្ទប់ នៅក្បែរគ្នាបានជាច្រើនដង និងគំរាមមិនឱ្យប្រាប់នរណា រហូតមានផ្ទៃពោះ ទើបបែកការណ៍ដល់ម្តាយ ក៏ប្តឹងសមត្ថកិច្ច។ ការចាប់ជនរូបនេះបានធ្វើឡើង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានអាយុ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ជាមួយម្តាយក្បែរ ជនសង្ស័យ។
ប្រភពដដែលបានឱ្យដឹងទៀតថា ថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ យាយជនរងគ្រោះ បានទូរស័ព្ទប្រាប់ម្តាយ ជនរងគ្រោះថា ជនរងគ្រោះ មានផ្ទៃពោះហើយ ពេលសួរនាំទើបជនរងគ្រោះ ក៏ប្រាប់ពីដំណើររឿង ម្តាយជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី១ តែម្តង។
ក្រោយពីទទួល ពាក្យបណ្តឹងហើយ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យក៏បញ្ជាឱ្យកម្លាំងចុះ ទៅចាប់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់ ៕