ភ្នំពេញ៖ បុរស ២នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅវាលស្រែពេលកំពុងភ្ជួរដីស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់ កាលពីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
ប្រជាពលរដ្ឋរងគ្រោះដោយ ត្រូវរន្ទះបាញ់ស្លាប់ឈ្មោះ ឯល ធារ៉ា ភេទប្រុសអាយុ៣១ឆ្នាំ និងឈ្មោះ វេង ស៊ាងហេង អាយុ២០ ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។
មន្រ្តីនគរបាលឃុំគគីរបានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានរន្ទះបាញ់នៅវាលស្រែ ខាងកើតភូមិគគីជើង ឃុំគគី ស្រុកមេមត់ បណ្តាលឱ្យបុរស ២នាក់បានស្លាប់ នៅពេលអ្នកទាំងពីរនាក់ កំពុងភ្ជួរស្រែទាំងមានធ្លាក់ភ្លៀងលាយខ្យល់ ។
លោក ទន់ រស់ អាយុ៥២ឆ្នាំ ត្រូវជាឪពុកក្មេកជនរងគ្រោះបានប្រាប់ថា ពេលមេឃភ្លៀងខ្លាំងអ្នកទាំង២ បានពន្លត់ម៉ាស៊ីនគោយន្ត ហើយទៅអង្គុយក្បែរគ្នាលើភ្លឺស្រែ ស្រាប់តែបន្តិចក្រោយមក ក៏មានរន្ទះបាញ់ចំស្លាប់ទាំង ២ស្លាប់ភ្លាមៗតែម្តង ៕





