ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត អេង គុណវុឍ ប្រធានការិយាល័យជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឱ្យសារព័ត៌មាន ដឹងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ថា រយៈពេល១សប្តាហ៍នេះ មានមនុស្សប្រមាណ ១០០នាក់ បានឆ្លងជំងឺគ្រុនឈីកជាបន្តបន្ទាប់ ទាំងក្មេងនិងមនុស្សចាស់។ ក្រុមគ្រូពេទ្យជួរមុខ RRT នៃមន្ទីរសុខាភិបាលខេត្តរកឃើញ ស្ថិតក្នុងភូមិពីងឃុំល្អក់ស្រុកអូរជុំ ខេត្តរតនគិរី។
លោកប្រធានបានបន្តថា “ដោយមានការណែនាំពីឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោក វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តនោះមក ក្រុមការងារគ្រូពេទ្យជួរមុខ RRT នៃមន្ទីរសុខា ភិបាលខេត្តបានជួយអន្តរាគមន៍ ពួកគាត់យកមកសម្រាកព្យាបាល នៅមណ្ឌលសុខភាពប៉យ, មណ្ឌលសុខភាពអូរជុំនិងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានចំនួន ៤៣ នាក់។
លោកបានបញ្ជាក់ទៀតថា ដើម្បីបង្ការការឆ្លង នៃជំងឺគ្រុនឈីកនេះ ក្រុមគ្រូពេទ្យជួរមុខ RRT នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានណែនាំនូវវិធានការអប់រំសុខភាព, បំផ្លាញជម្រកមូស និងបាញ់ថ្នាំទូទាំងឃុំ ដែលកើតជំងឺនេះតែម្តង។ បច្ចុប្បន្នស្ថានភាពពួកគាត់ក្រោម ការមើលថែទាំយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យនោះ សុខភាពមានការប្រសើរឡើង គ្មានអ្វីគួរឱ្យបារម្ភនោះទេ ៕




