ភ្នំពេញ៖ បុរសម្នាក់អង្គុយនិយាយលេង ទូរស័ព្ទក្រោមឡាន ដឹកដីដោយពុំមានការប្រុងប្រយ័ត្ន ដល់ពេលតាកុងឡើងបញ្ឆេះឡាន ស្រាប់តែឡានជាប់លេខ បើកទៅមុខបណ្តាលឲ្យកិន បុរស់ម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងយ៉ាងអណោចអាធ័ម។ ហេតុការនេះបានកើតឡើង នៅវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន ឃុំសំបួរ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សេង ហ៊ឺ ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរអ្នកបើករថយន្ត រស់នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំង អ្នកបើកអេស្ការបានអង្គុយលេង នៅក្រោមរថយន្តបែនដឹកដីរបស់ឈ្មោះ ឈុំ កញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរអ្នកបើករថយន្ត អង្គុយលេងជាច្រើនម៉ោង អ្នកបើកអេស្ការក៏ដើរ ទៅបើកអេស្ការដើម្បីកាយដី ចំណែកឈ្មោះ ឈុំ កញ្ញា បានដើរឡើងរថយន្តរបស់ខ្លួនហើយ បានបញ្ឆេះដើម្បីលើកទ្រុងឡានចាក់ដី នៅជាប់ពីល្ងាចចេញពេលនោះជនរងគ្រោះ មិនបានក្រោកចេញពីក្រោមរថយន្ត នៅពេលដែលឈ្មោះ ឈុំ កញ្ញា បានបញ្ឆេះម៉ាស៊ីនបាញ់ខ្យល់ចាក់ដី ចេញពីឡានក៏ស្រាប់តែឡានជាប់លេខ ហើយជ្រុលទៅមុខកិនជនរងគ្រោះ ដែលកំពុងអង្គុយជាប់នឹងកង់ឡានខាងក្រោយ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយដឹងថា ឡានរបស់ខ្លួនកិនអ្នកបើកដឹកដី ជាមួយគ្នាស្លាប់ឈ្មោះឈុំ កញ្ញា បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនិងសពនៅកន្លែងដឹកដី។ ក្រោយពីកើតហេតុហើយ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ បានធ្វើកំណត់ហេតុប្រគល់សពឲ្យ ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ករត្រូវបានកម្លាំង អធិការនគរបាលយកមករក្សាទុក នៅអធិការនគរបាលដើម្បី ដោះស្រាយនៅពេលក្រោយ ៕