ភ្នំពេញ៖ កម្លាំងនគរបាលស្រុកភ្នំក្រវាញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជូនបុរសម្នាក់ទៅតុលាការ ពីបទរំលោភសេពសន្ថវ:លើកូនស្រីបង្កើត។ ករណីនេះកើតឡើងនៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៨ ខែឧសភា ។
មន្រ្តីនគរបាលបានឱ្យដឹងថា តាមពាក្យបណ្ដឹងពីប្រពន្ធ និងជាម្ដាយកុមារីរងគ្រោះ សមត្ថកិច្ចបានចាប់ជនសង្ស័យឈ្មោះ ប៉ក់ បូរី អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ។ ជននេះបានបង្ខំចាប់រំលោភសេពសន្ថវ: លើកូនស្រីបង្កើតរបស់ខ្លួនដែលមានអាយុក្រោម ១៥ឆ្នាំ កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ គ្រាដែលប្រពន្ធមិននៅផ្ទះ។
តែក្រោយមកទើបបែកការណ៍ ដោយក្មេងស្រីទ្រាំលែងបាន ក៏ប្រាប់ម្តាយឱ្យដឹងហើយម្តាយ ក៏ទៅប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីដាក់គុកតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តមែន។ សមត្ថកិច្ចបានកសាងសំណុំរឿង ក៏បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕