ភ្នំពេញ៖ អគ្គិភ័យឆ្លងពីចរន្តអគ្គិសនី បានឆាបឆេះទូរទឹកកក នៅក្នុងហាងលក់សាច់អាំងយីហោ ទាមស្រា បង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងកាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ហាងលក់សាច់អាំងយីហោ ទាមស្រានេះបានបិទទ្វារមិនបើកដំណើរការទេ ដោយសារតែវិបត្តិកូវីដ១៩។ តែក្នុងពេលដែលហាងនេះ មិនបានបើកដំណើរការក៏មាន បុគ្គលិកស្នាក់នៅមើលការខុសត្រូវដែរ ។ ពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង គេបានឮសំឡេងរន្ទះយ៉ាងខ្លាំង ហាក់ដូចជាបាញ់ត្រូវចំអ្វីម្យ៉ាង នៅម្តុំទីតាំងកើតហេតុ។
មួយស្ទុះក្រោយក៏ស្រាប់តែស្ត្រីម្នាក់ ដែលស្នាក់នៅក្បែរហាងកើតហេតុ បានស្រែកឆោឡោថា មានភ្លើងឆេះនៅខាងក្នុងហាងនោះ ខណ:ដែលហាងនោះបានបិទទ្វារ ចាក់សោពីខាងក្រៅគ្មានអ្នកស្នាក់នៅនោះទេ។
បន្ទាប់ពីបង្កមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋដែលរស់នៅជុំវិញនោះ នាំគ្នាវាយបំបែកសោទ្វារហាង និងយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ មកបាញ់ពន្លត់ភ្លើងថែមទាំងបាន រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឱ្យ មកជួយធ្វើការអន្តរាគមន៍ផងដែរ។ចំពោះហេតុការណ៍នេះបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនីបង្កទៅជាអណ្ដាតភ្លើង ៕





