ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម៉ោង០៧នឹង៣០នាទីព្រឹក ជនសង្ស័យម្នាក់ឈ្មោះ ប៉ិល ឃាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខរត្តពោធិ៍សាត់។ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពី បទប្រើហឹង្សាក្នុងគ្រួសារ នៅចំណុចផ្ទះរបស់ឈ្មោះ កាក់ រឿន អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ត្រូវជាប្រពន្ធជនសង្ស័យ បណ្តាលឲ្យរងរបួសស្រាល និងខូចខាតសម្ភារក្នុងផ្ទះមួយចំនួន។
យោងតាមកំណត់ហេតុ បណ្ដឹង និងការបំភ្លឺរបស់ស្រ្តីរងគ្រោះ ត្រូវជាប្រពន្ធជនមុខសញ្ញាបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល ៧និង៣០នាទី ខ្លួនត្រឡប់មកពីទិញម្ហូបវិញ មកផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់។
ពេលដែលខ្លួនកំពុងតែធ្វើម្ហូប ស្រាប់តែប្ដីរបស់ខ្លួនបានជិះម៉ូតូ ត្រឡប់មកពីខាងក្រៅ ក៏ស្រាប់តែប្ដីរបស់ខ្លួនសួរថា តើថ្ងៃណាទើបស្គាល់ផ្ទះហើយក៏ជេរប្រមាថខ្លួន ខ្លួនបានតបវិញថាផ្ទះអញអញស្គាល់ ហើយរាល់ថ្ងៃអ្នកណារកស៊ីចិញ្ចឹមឯង ហើយឯងនៅតែផ្ទះដើរលេងសប្បាយ និង ជក់ថ្នាំញៀនមិនដែល រកលុយចូលផ្ទះនិងចិញ្ចឹមកូន ។ ហើយប្ដីរបស់ខ្លួនបានចោទខ្លួនថាមានប្រុស បន្ទាប់មកប្ដីរបស់ខ្លួនក៏ស្ទុះ មកវាយខ្លួនចំកញ្ចឹងក ១ដៃហើយខ្លួនក៏នៅស្ងៀម ពេលនោះប្ដីរបស់ខ្លួនក៏ថយក្រោយបន្តិច ព្រោះខ្លួនមានកាន់កាំបិតចិតបន្លែ ហើយក៏បានដាក់កាំបិតចុះ ក៏ប្ដីរបស់ខ្លួនស្ទះមកវាយខ្លួនម្ដងទៀត ហើយវ៉ៃចំកន្លែងដដែលព្រមទាំង បានយកកាំបិតកាប់ខ្សែភ្លើងដាច់ រប៉ាត់រប៉ាយពេញផ្ទះ។
បន្ទាប់មកប្ដីរបស់ខ្លួន ក៏ចាប់ទាញកអាវខ្លួន ចេញពីផ្ទះបាយបានប្រហែល ២ម៉ែត្ររួចខ្លួនក៏ខំរើបំរះចេញ ហើយក៏រត់ចេញពីផ្ទះទៅប្ដឹងសមត្ថកិច្ច ប៉ុស្ថិ៍អន្លង់ត្នោនតែម្ដងទៅ។ ហើយបានបន្តថា រយៈកាលកន្លងមកប្ដីខ្លួន តែងតែជេរប្រមាថ និងវាយដំមកលើខ្លួនចំនួន ៤លើកមកហើយ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានដឹងថា បន្ទាប់ទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះជាប្រពន្ធ កម្លាំងនគរបាលជំនាញយើង បានចុះអន្តរាគមន៍ដើម្បីនាំខ្លួន ជនសង្ស័យជាប្តីមកកាន់អធិការដ្ឋាននគរបាល និងបានធ្វើតេស្ដទឹកនោម មានសារធាតុញៀនក្នុងទឹកនោម (+) អវិជ្ជមាន។ ករណីហឹង្សានេះបណ្តាល មកពីប្តីប្រច័ណ្ឌប្រពន្ធ ។
លោកអធិបានបន្តថា ៖ ចំពោះជនមុខសញ្ញា បានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង២២ នាទី ដើម្បីរៀបចំនីតិវិធី ៕