ភ្នំពេញ៖ ពេលមេឃកំពុងភ្លៀង លាយឡំខ្យល់កន្ត្រាក់មានផ្លេកបន្ទោរ និងមានរន្ទះបានបាញ់ ចំស្ត្រីចំណាស់ម្នាក់បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅកណ្ដាលវាលស្រែ។ ឧប្បទ្ទវហេតុនេះបានកើតឡើង នៅវាលស្រែភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
ស្ត្រីដែលរន្ទះបាញ់ស្លាប់ឈ្មោះ សោម ឡាត់ អាយុ៧៦ឆ្នាំ នៅភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
សាក្សីឈ្មោះ យូថុល ភេទប្រុស អាយុ ៦៣ឆ្នាំបានបំភ្លឺថា នៅមុនពេលកើតហេតុ រូបគាត់បានដឹកសត្វគោ យកទៅឃ្វាល នៅតំបន់នោះ ។ ស្រាប់តែបានជួបជជែក ជាមួយជនរងគ្រោះឈ្មោះ សោម ឡាត់ ដែលគាត់កំពុងតែលើកភ្លឺស្រែម្នាក់ឯង ខណៈមេឃកំពុងភ្លៀងរលឹម លាយឡំផ្គរ ខ្លួនក៏បានដើរចេញពីគាត់។ លុះត្រឡប់មកវិញ បានប្រហែលជា ៥០ម៉ែត្រ ស្រាប់តែមានរន្ទះបាញ់ ចំជនរងគ្រោះស្លាប់ភ្លាមៗតែម្តង៕