អាសូរ! បុរសម្នាក់កំពុងឆ្លុះកង្កែប តាមវាលស្រែសុខៗ ត្រូវរន្ទះបាញ់ឆក់យកជីវិតផុយៗ

0

ភ្នំពេញ៖ បុរសម្នាក់កំពុងដើរឆ្លុះកង្កែប តាមវាលស្រែក្រោយផ្ទះសុខៗ ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែ ផ្នែកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្រែជង ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះមានឈ្មោះ រ៉េន រ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុ ។

កាលពីល្ងាចមុនកើតហេតុ មានភ្លៀងធ្លាក់តិចច្រើនៗ លាយឡំទៅដោយខ្យល់ ផ្គរ និងរន្ទះ។ លុះដល់វេលាម៉ោងខាងលើ ជនរងគ្រោះបានចេញទៅឆ្លុះកង្កែប ជាអកុសលត្រូវរន្ទះបាញ់ បានឆក់យកជីវិតគាត់ យ៉ាងសង្វេគដូចបានឃើញរូបភាពនេះ គឺឆេះរោលពេញខ្លួនប្រាណថែមទាំង រហែកខោដូចគេចាប់ហែក។

សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចចុះពិនិត្យធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕