សមត្ថកិច្ចចាប់វ៉ៃខ្នោះ ក្រុមចោរឆក់ទូរស័ព្ទយ៉ាងសកម្មបាន ១៣នាក់

0

ភ្នំពេញ៖ ក្រុមចោរ៤នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេចក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរួចព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បានជាបន្តបន្ទាប់ រួមទាំងបក្ខពួកស្រីប្រុសចំនួន ១៣នាក់ នៅផ្ទះសំណាក់ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានបក្ខពួក ៤នាក់ ជិះម៉ូតូ២គ្រឿងបានឆក់ទូរស័ព្ទដៃ ពីនារីម្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវ តាមកាំមេរ៉ាសុវត្តិភាពភ្លាមៗ នឹងកំណត់មុខសញ្ញា។ នៅថ្ងៃដដែលក្នុងសង្កាត់អូរបែកក្អម ក្រោយពីចាប់ខ្លួនជនម្នាក់ និងសាកសួររួចមកសមត្ថកិច្ចបន្ត តាមចាប់បក្ខពួកដែលនៅសង្ងំលាក់ខ្លួន ក្នុងផ្ទះសំណាក់ “យីហោតារាពេជ្រម៉ូឌែន” សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បាន២នាក់ទៀត។

នៅយប់ថ្ងៃដដែល សមត្ថកិច្ចបន្តស្រាវជ្រាវ និងចាប់ជនប្រុសស្រី ១០នាក់បន្ថែមទៀត ក្នុងនោះមានស្រី ២នាក់ដែលសង្ស័យក្រុមបក្ខពួកឆក់។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៣នាក់សមត្ថកិច្ចកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕