ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បាននាំយកអាល់កុលក្លែងក្លាយឬមេតាណុលជិត ១២តោន ទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅតាមទីផ្សារ។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”បានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់កុល ដែលកំពុងចរាចរដាក់លក់ និងចែកចាយក្នុងក្របខណ្ឌទូទាំងប្រទេស។
សូមបញ្ជាក់ថា អាល់កុល ឬអេតាណុល គឺជាសារធាតុដែលគេយកមក ប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាល់កុលមានការកើនឡើងខ្ពស់ ។ ជាហេតុនាំឱ្យមានបុគ្គល ឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនពលរដ្ឋ។
ការប្រើប្រាស់មេតាណុលធ្វើជា សារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាព ក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ។ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិន បើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត ៕



