ភ្នំពញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨នឹង៣០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩ ត្រង់ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងបណ្តាល ឲ្យមនុស្សចំនួន ២នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-8130 សណ្តោងសឺមីរ៉ឺម៉ក់ ពាក់ស្លាកលេខ ភ្នំពេញ 4A-6780 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅទិសខាងកើតដល់ចំណុចខាងលើបុកម៉ូតូ១គ្រឿង ម៉ាកវ៉េវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ រីម រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ឌុបឈ្មោះ យ៉ាន់ ឌី ភេទប្រុស អាយុ១៩ឆ្នាំ ភូមិសែនជ័យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលបើកបរបញ្រ្ចាសទិសគ្នា។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះទី១-ឈ្មោះ រីម រតនៈ និង ទី២-ឈ្មោះ យ៉ាន់ ឌី) ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ខាងលើបណ្តាលឲ្យ ខូចខាតរថយន្ត១គ្រឿងស្រាល និងម៉ូតូ ១គ្រឿងធ្ងន់។ ចំពោះអ្នកបើកបររថយន្ត បានរត់គេចក្រោយពេលកើតហេតុ។
វត្ថុតាងទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលដ្ឋាន នគរបាលស្រុកភ្នំស្រួច ករណីនេះ កម្លាំងនគរបាល កំពុងធ្វើការស្រាវជ្រាវរកជនបង្ក ៕