ចោរ ២នាក់ លួចម៉ូតូបានសម្រេច នៅខណ្ឌមានជ័យ តែមកជាប់ខ្នោះដៃ នៅគោលដៅបិទខ្ទប់ផ្លូវ ៦០ម៉ែត្រ

0

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងអន្តរាគមន៍ នៃអគ្គស្នងការនគរបាលរជាតិ ឃាត់ខ្លួនកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចគោលដៅបិតខ្ទប់ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ កែងនឹងផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចម៉ូតូ ប្រជាពលរដ្ឋបានសម្រេចនៅខណ្ឌមានជ័យ ។

ជនសង្ស័យ ២នាក់រួមមាន៖ ទី១.ឈ្មោះ ប៊ុត ធាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ទី២.ឈ្មោះ ឈន ប៊ុនលាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចំណែកជនរងគ្រោះមាន ឈ្មោះ ជ័យ សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបរ និងឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ អ្នកទាំងពីរស្នាក់នៅភូមិចំរេីនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងអគ្គស្នងការនគរបាលជាតិ បានដាក់គោលដៅតំបន់បិទខ្ទប់ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រកែង៥០ម៉ែត្រដូចសព្វដង ហេីយបានប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomerx ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DD-6524 បានឃាត់ធ្វើការសួរនាំ ខណៈពេលដែលសមត្ថកិច្ចកំពុងសួរនាំ មានជនសង្ស័យម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី២០១១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AV-3893 មកពីក្រោយដល់ចំណុចកើតហេតុ ឃើញកម្លាំងសមត្ថកិច្ចក៏បត់ម៉ូតូត្រឡប់ក្រោយ តែត្រូវបានកម្លាំងសមត្ថកិច្ច ដេញតាមឃាត់ធ្វេីឲ្យជនសង្ស័យ ភ័យក៏ដួលម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ បានទាំងពីរនាក់តែម្ដងរួច សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ។

បន្ទាប់ពីធ្វើការសាកសួររួចទើបដឹងថា ជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូពីខណ្ឌមានជ័យ ទើបប្រគល់ទៅឲ្យសមត្ថកិច្ច ខណ្ឌមានជ័យចាត់ការបន្ត។ ចំណែកវត្ថុតាងដកហូតបាន ម៉ូតូ២គ្រឿង លុយ៦២មុឺនរៀល ប្រាក់ដុល្លារចំនួន៤០ដុល្លារ ទូរស័ព្ទ១គ្រឿង។

តាមការរៀបរាប់ពី ជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ពួកគាត់បានធ្វើការរួចរាល់ ហេីយបានអូសម៉ូតូមកទុកក្នុងឃ្លាំងចំនួន ៩គ្រឿងព្រមទាំងម៉ូតូបុគ្គលិក ហើយ ពួកគាត់ក៏បានចូលទៅ សម្រាកលង់លក់បាត់អស់ លុះដល់ម៉ោងកើតហេតុ ក៏មានសមត្ថកិច្ចនៅខណ្ឌដង្កោ បានខលប្រាប់ថាម៉ូតូ របស់គេត្រូវបានជនសង្ស័យ លួចហើយជិះគេចខ្លួនតែត្រូវសមត្ថកិច្ច ឃាត់នៅចំណុចកើតហេតុខាងលើ ដោយសារតែសមត្ថកិច្ចចាក់សោរ ក្រោមកែបឆែករកឃេីញកន្ទុយលេខទូរសព្ទ ដែលជនរងគ្រោះផ្ញេីលុយតាមវីន ទេីបបានទំនាក់ទំនងទៅឲ្យមកមេីល ពេលដែលមកដល់ទេីបថា ម៉ូតូជារបស់ខ្លួនពិតប្រាកដមែន។

លុះព្រឹកឡើងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ បានមកយកជនសង្ស័យទៅសាកសួរ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅលេ ីជនសង្ស័យទាំង ២នាក់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

បច្ចុប្បន្ននេះ ជនសង្ស័យ២នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី១ កសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕