ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះកង់ឌុបគ្នា មកធ្វើសកម្មភាពលួចគាស់ឃ្លាំង ដាក់សម្ភារៈរបស់ ភោជនីយដ្ឋានផ្ទះ ផាតធី មួយកន្លែងបំរុងលួចយក សំបកកំប៉ុងអេតចាយ និងសម្ភារៈផ្សេងទៀត តែក៏ត្រូវបានកម្លាំង ល្បាត នៃអធិការដ្ឋានខណ្ឌល្បាត ក្នុងភូមិសាស្ត្រ ប្រទះឃើញឃាត់ខ្លួន តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋាន ផ្ទះផាតធី ផ្លូវ២៦១ កែងនិង ផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក ។
បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ខាងលើមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ដោយប្រើមធ្យោបាយជិះកង់ មួយគ្រឿងឌុបគ្នា មកធ្វើសកម្មភាពលួច ។
ប្រភពពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា មុនកើតហេតុគឺកម្លាំងអន្តរាគមន៍ខណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន បានចេញល្បាត ក្នុងភូមិសាស្ត្រ ដើម្បីពង្រឹងនិងអនុវត្តវិធានការ រដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្រែងមានប្រជាពលរដ្ឋ ប្រមូលផ្ដុំគ្នា ។
សមត្ថកិច្ចបន្តថា លុះពេលល្បាត មកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញ ជនសង្ស័យ២នាក់ ជិះកង់ឌុបគ្នា មកធ្វើសកម្មភាព គាស់ឃ្លាំង ដាក់សម្ភារៈ របស់ភោជនីយដ្ឋាន ផ្ទះផាតធី លួចយកសំបកកំប៉ុង អេត ចាយ ជាច្រើន ការ៉ុងនិងសម្ភារៈផ្សេងទៀត ។ ខណៈនោះកម្លាំងសមត្ថកិច្ចល្បាត ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់ ជាក់ស្ដែងតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់ អធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕