មានចឹងទៀត! ខឹងកូនសារភាព ប្រាប់សមត្ថកិច្ចពីបញ្ហាបំពុលឆ្កែលួចម៉ូតូគេ ឳស្ទុះទៅវ៉ៃកូនប៉ោងមុខ…

0

ភ្នំពេញ៖ មុខសញ្ញាឪពុក និងកូនប្រុសជាជនសង្ស័យ ជិះម៉ូតូឌុបគ្នាដើរបំពុលឆ្កែ លួចម៉ូតូគេ ត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ខណៈប៉ុន្មានថ្ងៃមកនេះ ជនសង្ស័យជាកូនបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចនគរបាលថា ពួកខ្លួន និងមិត្តភ័ក្តិឪពុក បានធ្វើសកម្មភាពដើរដាក់ថ្នាំ បំពុលសត្វឆ្កែអ្នកភូមិ ដើម្បីលួចទ្រព្យសម្បតិ្ត ប្រជាពលរដ្ឋយ៉ាងសកម្មនាពេលកន្លងមក ។ ជនសង្ស័យម្នាក់នេះ ត្រូវបានសមត្ថកិច្ចដើរចង្អុលបង្ហាញ ទីតាំងធ្វើសកម្មភាព និងដកហូតវត្ថុតាងម៉ូតូជាបណ្ដើៗ ព្រមទាំងមានជនជាប់ពាក់ព័ន្ធបន្ថែមទៀតផង។ នេះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

សូមរំលឹកថា កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ជនសង្ស័យជាឪពុកឈ្មោះ កង ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិលាវ សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ធ្លាប់ជាប់ពន្ធនាគាររាប់ភ្លេច បានជិះម៉ូតូ១គ្រឿងឌុបកូនប្រុសឈ្មោះ កង ជី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទៅធ្វើសកម្មភាពដើរដាក់បំពុលសត្វឆ្កែអ្នកភូមិងាប់ចំនួន១ក្បាល ដើម្បីចូលលួចយកទ្រព្យ(ម៉ូតូ)ប៉ុន្តែមិនបានសម្រេច ដោយ(ផ្ទះ១យកម៉ូតូបានហើយ តែធាក់មិនឆេះក៏ផ្ដួលចោល។ លុះពេល ទៅផ្ទះ១ទៀតម្ចាស់ភ្ញាក់ទាន់ទៀត)ស្ថិតនៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរកម្មឪពុក និងកូនប្រុសនេះ មុនដំបូងសមត្ថកិច្ចពុំដឹងអ្វីនោះទេ ប៉ុន្តែពួកគេឪនិងកូនបានជិះម៉ូតូ ចំគោលដៅសមត្ថកិច្ចកំពុងឈរជើង និងល្បាតការពារ ក្នុងការអនុវត្តការធ្វើដំណើរនាពេលយប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺឆ្លងកូវីដ-១៩ផង។ ដោយមានការសង្ស័យទើបឃាត់ពួកគេ សួរនាំយកទៅអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ។ លុះព្រឹកថ្ងៃបន្ទាប់ចាប់ផ្ដើមសួរនាំពួកគេ ស្របគ្នានោះមន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាល បាក់ចិញ្ចៀនរាយការណ៍ថា យប់មិញមានករណីជនសង្ស័យធ្វើសកម្មភាព ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ចំនួន១ក្បាល លួចម៉ូតូចំនួន ២កន្លែងប៉ុន្តែពុំបានសម្រេចទេ ក៏បែកអូរហូរជាស្ទឹងដឹងថាអ្នកទាំង២ ជាអ្នកធ្វើសកម្មភាពតែម្ដងទៅ ។

ប្រភពដដែលបញ្ជាក់បន្តទៀតថា ដោយមន្រ្តីជំនាញរបស់យើងមានបច្ចេកទេសខ្ពស់ ជនសង្ស័យជាកូនបានឆ្លើយសារភាពមួយចំនួនធំ ប៉ុន្តែដោយសារជនសង្ស័យជាឪពុកមានល្បិចកល និងអាចដឹងចម្លើយកូនប្រុស ខណ:នោះបានស្ទុះទៅទះកំផ្លៀងកូនប្រុស ប៉ោងមុខពេលដាក់ចូលក្នុងកន្លែងតែមួយ។ យ៉ាងណាមុិញសមត្ថកិច្ចបានបំបែកគ្នា ដើម្បីមានតម្លាភាពក្នុងការសាកសួរ ចម្លើយងាយស្រួលកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕