សាហាវម៉្លេះ! ប្រពន្ធ ចាក់សាំងដុតប្តីនិងកូន ពេលកំពុងដេកលក់ ព្រោះតែ…

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សា មានស្ថានទម្ងន់ទោស ដោយយកសាំងចាក់ដុតប្តី និងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រស់នៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡូន សាន្ត ភេទស្រីអាយុ២៦ឆ្នាំ មុខរបរ កសិករ រស់នៅកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថាកាលពីវេលាម៉ោង១៤:០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ឡូញ ឡា បានរាយការណ៍ថា មានករណីភ្លើងឆេះ លើជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ នៅដីចំការរបស់ខ្លួន (ឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ប្រហែល៤គីឡូម៉ែត្រ ) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញករណីខាងលើនេះ ដោយប្រជាពលរដ្ឋ បានបញ្ជាក់ថា គេបានឃើញជនរងគ្រោះ ឈ្មោះ គង់ ឆាយ ស្ថិតក្នុងស្ថានភាព ឆេះខ្លោចលើដងខ្លួន និងផ្ទៃមុខ បានរត់មកដល់ភូមិ ហើយត្រូវគេបានជូនទៅមណ្ឌលសុខភាពខ្នងភ្នំ តែដោយមានស្ថានភាពធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យ បង្អែកខេត្តសៀមរាប។

តាមការស្តាប់បំភ្លឺឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថាម្តាយ របស់គេជាអ្នកចាក់សាំងដុត ឪពុករបស់ខ្លួន ដោយសារកាលពីព្រឹកចន្លោះម៉ោង៩ នៃថ្ងៃខែឆ្នាំកើតហេតុ ឪពុក ម្តាយខ្លួនមានជម្លោះនិងគ្នា លុះពេលរសៀល ខណៈពេលជនរងគ្រោះជាឪពុក កំពុងដេកលក់ ត្រូវបានម្តាយយកសាំង ចាក់ស្រោចពីលើដុតតែម្តង ក្នុងហេតុការណ៍នោះ ក៏បណ្តាលឲ្យប្អូនៗ របស់ខ្លួន២នាក់ទៀត មានឈ្មោះ ឆាយ ស្រីមួយ ភេទស្រី អាយុ៤ឆ្នាំ និងឈ្មោះ ឆាយ ស្រីពី ភេទស្រីអាយុ៣ឆ្នាំ រលាកភ្លើងរងរបួសផងដែរ ដោយពួកគេដេក នៅជិតឪពុកដែរ ។

តាមការសាកសួរ របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡូញ សាន្ត បានឆ្លើយសារភាពថា រូបគេនិងជនរងគ្រោះ គឺជាប្ដីប្រពន្ធនឹងគ្នា តែងតែមានទំនាស់ ពាក្យសំដីនិងផ្ទុះអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់ ជាក់ស្ដែង នៅថ្ងៃកើតហេតុវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ប្ដីរបស់ខ្លួនបានផឹកស្រាស្រវឹង វាយបំផ្លាញទ្រព្យសម្បត្តិ និងវាយសម្លាប់មាន់ចោល អស់ចំនួន៤ក្បាល ហើយខ្លួនបានស្ដីបន្ទោស ធ្វើឱ្យប្ដី ខឹងស្ទុះមកធ្លាក់ខ្លួន ចំចង្កេះចំនួន ២ជើងបណ្ដាលឱ្យដួល។ ក្រោយមកនៅវេលាម៉ោង១៤:០០នាទី ថ្ងៃខែឆ្នាំដដែល ខណៈពេលដែលប្ដី កំពុងដេកលង់លក់នៅក្នុងខ្ទមចាំចំការខ្លួន បានយកសាំងចាក់ស្រោចទៅលើខ្លួន របស់ប្ដីហើយដុតតែម្ដង បណ្ដាលឲ្យឆាបឆេះ រលាកពេញខ្លួន ហើយក្នុងហេតុការណ៍នោះ បណ្ដាលឲ្យកូនស្រីរបស់ខ្លួន ដែលមានឈ្មោះខាងលើរងរបួសផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕