ចុមហ៊ានមែន! បុរសម្នាក់ក្លែងបន្លំជាសមត្ថកិច្ច លួចដឹកជនជាតិចិន និងខ្មែរ ចេញពីតំបន់បិទខ្ទប់

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់បុរសខ្មែរម្នាក់ ក្រោយក្លែងបន្លំជាមន្ត្រីនគរបាលជាតិ លួចដឹកជនជាតិចិនម្នាក់ និងខ្មែរម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ ដោយចេតនា និងមិនគោរពតាមវិធានការសុខាភិបាល។

លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឱ្យដឹងថា សមត្ថកិច្ចបានជនសង្ស័យជាតិខ្មែរម្នាក់ និងជនជាតិចិនម្នាក់ ត្រូវនគរបាលនាំយកមក ចាត់ការបន្តតាមផ្លូវច្បាប់។

របាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង ៤រសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលជនសង្ស័យចំនួន ២នាក់ (ជនជាតិចិន ១នាក់ ជនជាតិខ្មែរ ១នាក់) និងរថយន្ដ ១គ្រឿង ពីមន្ដ្រីគោលដៅត្រួតពិនិត្យភ្នំ K៩៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ ភូមិ១ សង្កាត់លេខ៣ ជិះរថយន្ដម៉ាកToyota Camry ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2AH-2263 ដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ពីម្ដុំសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការ គោលដៅត្រួតពិនិត្យ K៩៦ ឃាត់ខ្លួន ។

ជនសង្ស័យបានឆ្លើយសារភាពថា ចំពោះអាវនគរបាលដែល ពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ បម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ ។ ឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ មិត្ដភក្ដិខ្លួន ជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់ ។

បច្ចុប្បន្ន ករណីនេះកំពុងដំណើនីតិវិធី នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃខេត្តព្រះសីហនុ៕