ភ្នំពេញ៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាព ពីជនសង្ស័យដែលបង្ក្រាបបានកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកស្នងការ ដោយបានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងដោយបានការចង្អុល ការណែនាំអំពីជំនាញ នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៏ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាប មុខសញ្ញារក្សាទុក ជួញដួរដោយខុសច្បាប់ នូវសារធាតុញៀន និង(ជាមុខសញ្ញាមានដីការ) ចំនួន ០១ករណី (ដោយប្រើវិធានរដ្ឋបាលចំហរ) ឃាត់ខ្លួនជនសង្ស័យ បានចំនួន០១នាក់។
ជនសង្ស័យឈ្មោះ ផៃ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយជូ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២១៦ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម។
ដកហូតវត្ថុតាងៈ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន ២កញ្ចប់ធំ(ទម្ងន់ ២០៣៧.៧១ក្រាម)ទាំងសំបក, ទូរស័ព្ទចំនួន០២គ្រឿង។
លោកស្នងការបន្តថា លុះរហូតមកដល់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចយើងបានបន្ត ស្រាវជ្រាវករណីខាងលើ រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលខ្ពបតាងួន និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ប្រុស។
ជនសង្ស័យទី១.ឈ្មោះ វ៉ាន ភត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, ទី២.ឈ្មោះ ឪក គីណាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ ទីលំនៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះ។ អ្នកទាំង០២នាក់ខាងលើជាមុខសញ្ញាជួញដូរ ដែលមកទិញថ្នាំញៀនពីឈ្មោះ ផៃ សីហា យកទៅលក់បន្ត។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាក់ថាបន្ទាប់ពីឃាត់ខ្លួនឈ្មោះផៃ សីហា បានហើយក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដែលបានទូរស័ព្ទមកឈ្មោះ ផៃ សីហា រកទិញថ្នាំញៀន សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនបានចំនួន១៣នាក់។
ដកហូតវត្ថុតាង ទូរស័ព្ទដែលជនសង្ស័យ ទំនាក់ទំនងទិញថ្នាំញៀន បានចំនួន១២គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕