មេបក្សយុវជនកម្ពុជា! បងប្អូនមួយចំនួន គឺត្រេកអរណាស់នៅពេល រដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ ប៉ុន្តែត្រូវចាំថា…

0

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចស្ដីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលចាប់ពីម៉ោងសូន្យថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បងប្អូនមួយចំនួន គឺត្រេកអរណាស់នៅពេល រដ្ឋាភិបាលប្រកាសការបញ្ចប់បិទខ្ទប់បែបនេះ ប៉ុន្តែបងប្អូនត្រូវចាំថា បើបងប្អូនមិនការពារខ្លួន និងមិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលទេនោះ រហូតឆ្លងមេរោគកូវីដគឺបងប្អូន ជាអ្នកបិទខ្ទប់ខ្លួនឯងម្តងវិញ ហើយបងប្អូនគឺជាអ្នកដណ្តើមជីវិត របស់បងប្អូនពីមេរោគកូវីដដោយខ្លួនឯង។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានលើកឡើងថា «រាជរដ្ឋាភិបាលចេញសេចក្ដីសម្រេច ស្ដីពីការបញ្ចប់ការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ គឺចាប់ពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០២១ តទៅ ។ បងប្អូនមួយចំនួន គឺត្រេកអរណាស់នៅពេលរដ្ឋាភិបាល ប្រកាសការបញ្ចប់បិទខ្ទប់បែបនេះ ប៉ុន្តែបងប្អូនត្រូវចាំថា បើបងប្អូនមិនការពារខ្លួន និងមិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលទេនោះ រហូតឆ្លងមេរោគកូវីដគឺបងប្អូន ជាអ្នកបិទខ្ទប់ខ្លួនឯងម្តងវិញ ហើយបងប្អូន គឺជាអ្នកដណ្តើមជីវិតរបស់បងប្អូនពី មេរោគកូវីដដោយខ្លួនឯង។ សូមបងប្អូនត្រូវប្រុងប្រយ័ត្នគ្រប់ពេល ចំពោះមេរោគកូវីដនេះ។ សុំបងប្អូនបានសុខ»។

ជាមួយគ្នានេះលោក ពេជ្រ ស្រស់ បានអំពាវនាវដល់បងប្អូនជនរួមជាតិ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែន ចំពោះមេរោគ កូវីដ19 នេះ ដោយសារតែវាមិនទាន់ថយចុះនៃ ការឆ្លងរីករាលដាលនោះទេ។

សូមរំលឹកថា ទោះបីជារាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅក៏ពិតមែនតែ ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយ នៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំង ការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ៕