ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពីមានគណនីហ្វេសប៊ុកមួយបានចូលទៅតាម Comment នៅលើទំព័រ Facebook របស់សម្តេច ដោយ ស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
សម្ដេចតេជោ បានមានប្រសាសន៍ថា នឹងចាក់វ៉ាក់សាំងជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយ ព្រោះថា ពេទ្យមិនអាចធ្វើមួយថ្ងៃ ឬមួយសប្តាហ៍អស់ទេ។
សម្ដេចតេជោ បញ្ជាក់ថា «យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឲ្យបានមុន ។ សូមបងប្អូនអត់ធ្មត់រង់ចាំ បន្តិចវ៉ាក់សាំងនឹងយកទៅចាក់ជូនបងប្អូនឱយបានគ្រប់ៗគ្នា។ ខ្ញុំប្រើពាក្យថា ស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យ មានភាពសាំមិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»។