ភ្នំពេញ៖ បុរសជាជាងប៉ះកង់ឡានម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីសប់កង់គោយន្តរហូតផ្ទុះ បណ្ដាលឱ្យយ៉ាន់គោយន្តនោះ ខ្ទាតចំក្បាលបែកហូរឈាម ស្លាប់នៅកន្លែង។ ហេតុការណ៍នេះបានកើតឡើង នៅមុខផ្ទះជនរងគ្រោះ ភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
សពជនរងគ្រោះឈ្មោះ ឡាវ ឡាន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានម្ចាស់គោយន្តម្នាក់ បានដឹកកង់គោយន្តដែលធ្លាយ មកឲ្យជនរងគ្រោះប៉ះ ពេលប៉ះរួចរាល់ ជនរងគ្រោះបានសប់កង់គោយន្តនោះ រហូតផ្ទុះលាន់រន្ទះ បែកកង់ជាបំណែកបណ្ដាលឱ្យយ៉ាន់ គោយន្តខ្ទាតចំក្បាល ជនរងគ្រោះ បែកហូរឈាមស្លាប់ នៅក្នុងថ្លុកឈាមតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ ប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕