ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា បេីបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេ នោះ ការចម្លងនៅតែមាន ហេីយខ្សែចម្លងរឹតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពនៃការគ្រប់គ្រង។
តាមរយៈសារផ្ញើរទៅកាន់បងប្អូនជនរួមជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានលើកយក ប្រទេសឥណ្ឌា មកធ្វើជាឧទាហរណ៍ ខណៈដែលប្រទេសមហាអំណាចមួយនេះ កំពុងផ្ទុះការកើនឡើង អ្នកកូវីដ រាប់ម៉ឺននាក់ ក្រោយពលរដ្ឋបាននាំគ្នាទៅមុជទឹកលាងបាប ក្នុងទន្លេ ដែលពួកគេជំនឿ យ៉ាងងុបងល់។
លោកស្រីបន្តថា “យេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះ(ឆ្លងដូចនៅឥណ្ឌា)ដែរ មែនទេ? ដូច្នេះ ត្រូវរួមគ្នាអនុវត្តវិធានការ៣កុំ ៣ការពារ ។ ហើយបើបុគ្គលម្នាក់ៗមិនគោរពវិធានការនេះ ការចម្លងនៅតែមាន ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា”។
លោកស្រីស្នើឲ្យ រួមគ្នាឆ្លងកាត់ការលំបាកពេលនេះឲ្យបាន ហេីយគ្មានអ្វីដែលអាចការពារខ្លួនបានក្រៅតែពី ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង + នៅផ្ទះ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)។
អ្នកនាំពាក្យរូបនេះសង្ឃឹមថា កម្ពុជាមានពេលអាចទាញសភាពឆ្លងរាតត្បាតឲ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានសុខាភិបាល។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃ៣០ មេសា កម្ពុជាមានអ្នកឆ្លងចំនួនសរុប១៣,៤០២នាក់ អ្នកជាសះស្បើយចំនួន៥,១៥២នាក់ អ្នកកំពុងព្យាបាលចំនួន៨,១៥០នាក់និងអ្នកស្លាប់ចំនួន៩៣នាក់៕