ក្នុងបរិបទកូវីដ-១៩! អ្នកឈឺកើតទុក្ខ អ្នកស្លាប់បាត់មុខ អ្នកជាត្រេកអរ

0

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានលើកឡើងថា ក្នុងបរិបទនៃការវាយលុកវីរុសកូវីដ-១៩ អ្នកឈឺបានកើតទុក្ខ ឯអ្នកស្លាប់បាត់មុខ ចំពោះអ្នកជាសះស្បើយបានត្រេកអរ ។

លោកស្រីថា ប៉ុន្តែសម្រាប់បុគ្គលគ្រប់រូប គឺសភាពមួយណា ក៏មិនចង់ជួបដែរ។

តាមរយៈសារតេឡេក្រាម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺកើតទុក្ខ អ្នកស្លាប់បាត់មុខ អ្នកជាត្រេកអរ តែសម្រាប់បុគ្គលគ្រប់រូបសភាពមួយណាក៏មិនចង់ជួបដែរ អ្វីដែលយើងចង់បាន គឺមិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ»។

លោកស្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ចាក់វ៉ាក់សាំងកូវីដ-១៩ និងនៅផ្ទះ (បើមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ) នេះជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់ប្រជាពលរដ្ឋ ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។

លោកស្រីក៏បានផ្ដាំប្រជាពលរដ្ឋត្រូវអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងឲ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ ដើម្បីចៀសផុតពីជ្រោះមហន្តរាយ សុខភាពសាធារណៈ និងសេដ្ឋកិច្ចទាំងអស់គ្នា៕