ភ្នំពេញ៖ កម្លាំងនគរបាលក្រុងសៀមរាប កាលពីថ្ងៃទី២៧ខែមេសា ឆ្នាំ២០២១ បានតាមចាប់ក្រុមជនខិលខូច បីនាក់ ករណីលួចកាត់បណ្តាញខ្សែភ្លើង របស់អគ្គិសនីសៀមរាប ពេលយប់ យកទៅលក់ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ ដា ចម្រើន បានដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាបករណីលួចកាត់ខ្សែភ្លើង ដែលជនសង្ស័យបានលួចកាត់កាលពីយប់ថ្ងៃទី២៦ ខែមេសារបស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរមន្រ្តីអគ្គិសនីសៀមរាប ។
លោកបានបន្តថា ជនសង្ស័យ៣នាក់ឈ្មោះ សេង ជល់អាយុ ១៧ ឆ្នាំ,ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ១៧ ឆ្នាំ,ឈ្មោះ ពេស បូរី ហៅ ផលអាយុ ២១ ឆ្នាំ។
វត្ថុតាងរួមមាន ស្ពាន់ខ្សែភ្លើង៨កំណាត់,សម្បកខ្សែភ្លើងចំនួន៦ដុំ,កាំបិតចិតបន្លែ១២ដើម,កាំបិតប៉័ងតោ៣ដើម,ដាវកែច្នៃ៣ដើម,កាំបិតព្រា២ដើម,ញញួរ២ដើម,កន្ត្រៃ៣ ។
ជនសង្ស័យទាំង៣នាក់នោះ បានធ្វើតេស្តរកសារធាតុញៀន គឺវិជ្ជមាន (+) ផងដែរ ។បច្ចុប្បន្ន ត្រូវកម្លាំងនគរបាលក្រុងសៀមរាប រៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕