ភ្នំពេញ៖ បុរសជាកូនប្រសារម្នាក់ ផឹកស៊ីស្រវឹង ទាញកាំបិតប៉័ងតោកាប់ឪពុកក្មេក ដែលគាត់កុំពងអង្គុយហូបមី បណ្តាលឱ្យដាច់ស្លឹកត្រចៀកម្ខាងរងរបួស។ ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា ករណីហឹង្សា ក្នុងគ្រួសារនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឃឹម សារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំជាកូនប្រសារផឹកស៊ីស្រវឹងបានយក កាំបិតប៉័ងតោ កាប់ទៅលើឪពុកក្មេកឈ្មោះ ប៊ិន វ៉ុន អាយុ ៥៣ ឆ្នាំមានទីលំនៅ ភូមិឃុំស្រុកជាមួយគ្នាបណ្តាលឱ្យ ដាច់ស្លឹកត្រចៀកខាងស្ដាំ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបាននាំយកជនរងគ្រោះទៅ មន្ទីពេទ្យបង្អែកខេត្ត។ កម្លាំងជំនាញបានចុះពិនិត្យនិង ប្រមូលវត្ថុតាងដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យបន្តទៅស្នងការនគបាលខេត្ត ចាត់ការតាមនីតិវិធី ៕