ភ្នំពេញ៖ រដ្ឋខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកជំងឺវិជ្ជមានកូវីដ១៩ថ្មី ចំនួន២នាក់ តាមរយៈការធ្វើតេស្តរហ័ស។
អ្នកជំងឺទាំង២នាក់ រួមមានទី១-ឈ្មោះ សុខ គឹមសឿន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ, ២-ឈ្មោះ ជុត រ៉ាវុធ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។
អ្នកទាំង២ ក្រុមគ្រូពេទ្យបានដាក់ឲ្យសម្រាកព្យាបាល នៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យព្រះនរោត្តសីហនុត្បូងឃ្មុំ (សួង)។
បន្ទាប់ពីរកឃើញ និងដាក់ឲ្យសម្រាកព្យាបាល នៅយប់ថ្ងៃដដែលនេះ អ្នកជំងឺឈ្មោះ សុខ គឹមសឿន អាយុ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ វិជ្ជមានកូវីដ១៩ បានស្លាប់បាត់បង់ជីវិត នៅម៉ោងប្រមាណ ២១៖១៨នាទី ទោះបីក្រុមគ្រួពេទ្យ បានខិតខំជួយសង្គ្រោះដុតដៃដុតជើងយ៉ាងណា ដែលនេះជាករណីស្លាប់ទី១ ក្នុងខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលដំណឹងភ្លាមៗ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសំដែងនូវការសោកស្តាយ ចំពោះក្រុមគ្រួសារសព ក៏ដូចជាបានណែនាំឲ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរចាត់ចែងរៀបចំរុំខ្ចប់សាកសព យកទៅបូជាដែលបានរៀបចំទុករួចជាស្រេច សម្រាប់អ្នកជំងឺដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ទៅតាមវិធានសុខាភិបាលភ្លាមៗផងដែរ។
សូមជម្រាបថា ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្ត្រីអ្នកវិជ្ជមានទាំង២ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលត្បូងឃ្មុំ ហើយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានចេញសេចក្តីសម្រេចបិទខ្ទប់ ភូមិរកាធំ ឃុំជីរោទ៍ទី១ មួយរយៈសិនផងដែរ៕