ក្ដៅៗ! ហាមអ្នកធ្វើដំណើរ មកពីប្រទេសឥណ្ឌា ទាំងអស់ មិនឱ្យចូលកម្ពុជា

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចហាមឃាត់​មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ចូលក្នុងប្រទេសឡើយ ដោយអនុវត្តចាប់អនុវត្ត ពី៤៨ម៉ោងក្រោយ។

យោងតាមសេចក្តី ប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗ ហើយតាមការសង្កេត មើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពី ប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1 617 មានប្រភពចេញពី ប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ BIT7 ទៅទៀត។

ក្រសួងបានបន្តថា ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលសម្រេចហាមឃាត់ ការធ្វើដំណើរចូលមក ប្រទេសកម្ពុជាមួយរយ:រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល ៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ៕