ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានករណីអំពើហិង្សាដោយចេតនាក្នុងគ្រួសារមួយកើតឡើង ដោយកូនប្រុស គ្មានមនុស្សធម៌ ក្នុងខ្លួនបានប្រើអំពើហិង្សា លើម្តាយបង្កើត របស់ខ្លួនរហូតមានរបួសពេញខ្លួន ព្រោះមូលហេតុខឹងម្តាយ និយាយស្តីបន្ទោស និងណែនាំខ្លួនច្រើនពេក ។
លោកវរសេនីយ័ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍អោយដឹងថា ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចក្រុមទី១៤ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនបង្ករត្រូវជាកូន ឈ្មោះ ហុក សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ បានចាប់បោចសក់ស្ត្រីជាម្តាយឈ្មោះ សាំង ចាន់សុភាព អាយុ៥៦ឆ្នាំហើយធាក់មួយជើងដួល ផ្កាប់មុខបណ្តាល អោយពកត្រង់ថ្ងាស និងស្នាមជាំដើមដៃខាងស្តាំ។
ករណីនេះ ដោយមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១០និង១០នាទី កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាកូនប្រុសឈ្មោះ ហុក សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕