ឃាត់ខ្លួនជនជាតិថៃ៧នាក់​ ស្នាក់នៅខ្មែរអត់ច្បាប់ បំរុងឆ្លងដែន ទៅប្រទេសថៃវិញ

0

ភ្នំពេញ ៖​ ជនជាតិថៃចំនួន៧នាក់​មកស្រុកខ្មែរ​គ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឈរជើងតាមខ្សែបន្ទាត់ព្រំ កម្ពុជា-ថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ​ lN១៩៦០.០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា កម្លាំងចម្រុះក្នុងនោះមាន កម្លាំងនគបាលប៉ុស្ដិ៍សង្កែ បានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ​ និងកម្លាំងយោធាវរៈ​៥១១​ បានចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃចំនួន៧នាក់​ ក្នុងនោះមានស្រី២នាក់​ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ។​

កម្លាំងចម្រុះបានប្រាប់ឲ្យដឹងបន្តទៀតថា​ ជនជាតិថៃទាំង៧នាក់​ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគាត់បានប្រាប់ឲ្យដឹងថា​ពួកគាត់មកពីខេត្តឈៀងរ៉ាយ​ប្រទេសថៃ​ មកស្នាក់នៅក្រុងប៉ោយប៉ែត រយៈពេល១សប្តាហ៍ហើយ​ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បន្ទាប់ពីធ្វើការសាកសួរ កម្លាំងសមត្ថកិច្ចចម្រុះ​ បានប្រគល់ពួកគាត់ជូន ផ្នែកជំនាញនៃអធិការដ្ឋាន ស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធី ៕