ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានចាត់តាំងឱ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋានចូលរួម និងអនុវត្តការឃាត់ខ្លួននិងនាំខ្លួនអ្នកប្រព្រឹត្តិល្បែងស៊ីសង (អាប៉ោង) ចំនួនមួយទីតាំងស្ថិតនៅ ភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ៨នាក់ ។
ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបាត់ដំបង លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។
ក្នុងបន្តិបត្តិការនេះដែរដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ការ៉ុងក្រាលសម្រាប់ចាក់អាប៉ោង ចំនួន១, កញ្ច្រែងពណ៌ក្រហមដាក់ដី សម្រាប់ទ្រចានអា ប៉ោង ចំនួន១, ចានពណ៌សសម្រាប់បង្វិលមេអាប៉ោង ចំនួន១, ផ្តិលជ័រពណ៌ខៀវ សម្រាប់គ្របមេអាប៉ោងចំនួន១, មេអាប៉ោងចំនួន ៥គ្រាប់, ម៉ូតូចំនួន ៨គ្រឿង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនពួកគាត់ មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនអ្នកប្រព្រឹត្តិ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕



