ក្រុមចោរឆក់ ឆ្លងខេត្ត យ៉ាងសកម្មអស់ លក្ខណ៍ហើយ

0

ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ យ៉ាងសកម្មក្នុងមូលដ្ឋាន ចំនួន ៣នាក់ ត្រូវបានកម្លាំងជំនាញ​ផែនការងារ នគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញ របស់អធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ នៃស្នងការដ្ឋាន​នគរបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រតិបត្តិការ បង្ក្រាបបានជាក់ស្តែង តែម្តង។

ហេតុការណ៍ នៃការបង្ក្រាបជនសង្ស័យ ជាចោរឆក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចចាប់ពីមុខភោជនីយដ្ឋាន បឹងទន្សោង ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតឃាត់បាននៅចំណុច លើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជនសង្ស័យជាមុខ សញ្ញាឆក់យ៉ាងសកម្ម បានចំនួន៣នាក់គឺ៖
១-ឈ្មោះ ទូច តិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ,
២-ឈ្មោះ រី បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
និង៣-ឈ្មោះ លី ចាន់ថា ហៅ ឆុយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងបីនាក់នេះ​ មានទីលំនៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចដកហូត បានរួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ អត់ស្លាកលេខ, ទូរស័ព្ទដៃចំនួន៣គ្រឿង, កាបូបស្ពាយពណ៌ខ្មៅចំនួន១, ប្រាក់រៀលចំនួន៥០០,០០០រៀល (ប្រាំសែនរៀល)ប្រាក់ដុល្លារចំនួន១២ដុល្លារ(ដប់ពីរដុល្លារ) ។

លោកឧត្តមសេនីយ៍ ស្នងការបានឱ្យដឹងទៀតថា បន្ទាប់មកជនសង្ស័យ ទាំង៣នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបាន នាំមកកាន់អធិការដ្ឋាន នគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ ។

ផ្អែកតាមចម្លើយសារភាព បានបញ្ជាក់ឲ្យដឹងថា កន្លងមកក្រុមនេះ ធ្លាប់ធ្វើសកម្មភាពឆក់កាបូប ចំនួន៤លើក រួមមាន៖

នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ចំនួន៣លើក គឺលើកទី១នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១០យប់ នៅចំណុចហួសស្តុបលំហែ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លើកទី២នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី នៅចំណុចមុខហាង មាន សុខលីន ស្ថិតក្នុងភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លើកទី៣ នៅថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០២១ វេលាម៉ោងប្រហែល១៧ និង០០នាទី ពួកនេះជិះម៉ូតូ១គ្រឿងនេះ ដដែល ធ្វើសកម្មភាពតាមឆក់កាបូប នារីម្នាក់ នៅម្ដុំក្រោមស្ពានគីហ្សូណា តែមិនបានសម្រេច ព្រោះជនរងគ្រោះជិះម៉ូតូ បត់ចូលផ្ទះ បាត់ហើយពួកនេះក៏ត្រឡប់ទៅផ្ទះវិញ។

នៅភូមិសាស្ត្រខេត្តត្ត្បូងឃ្មុំចំនួន០១លើក គឺនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១វេលាម៉ោង១៧ និង៤០នាទី នៅចំណុចមុខភោជនីយដ្ឋានបឹងទន្សោង ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានទាំង៣នាក់តែម្ដង ៕