ភ្នំពេញ៖ ក្រោយសង្កេតឃើញ ក្រសួងពាណិជ្ជកម្ម ចាត់ចែងបើកស្តង់លក់ទំនិញ ក្នុងពេលបិទខ្ទប់ ដែលជាគំនិតផ្តួចផ្តើមមួយល្អនោះ សម្រាប់តែ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន គិតលេងៗថា ក្រសួងពាណិជ្ជកម្ម អាចលក់បង់រំលស់ ជូនអ្នកដែលមិនមានលុយ គ្រប់គ្រាន់ ហើយអនុញ្ញាត អោយអ្នកលក់ដូរ ធម្មតា លក់នៅជិតនោះ សម្រាប់អ្នក មានលុយគ្រប់គ្រាន់ ។ ធ្វើយ៉ាងនេះ យើងជួយអ្នក មានជីវភាពខ្វះខាតផង អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥ មេសានេះ លោក ខៀវ កាញារីទ្ធ បានសរសេរថា «សូមមានយោបល់មួយ ! ឃើញក្រសួងពាណិជ្ជកម្ម ចាត់ចែងបើកស្តង់លក់ ទំនិញ ក្នុងពេលបិទខ្ទប់ នេះជាគំនិត ផ្តួចផ្តើមមួយល្អ ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្ម អាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។ ធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។ ឬ បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកអោយឯកជនទាំងអស់ក៏បាន ( ក្រសួងត្រួតពិនិត្យតម្លៃ ) ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផងដែរ »។
សូមជម្រាបថា បើគិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ក្រសួងពាណិជ្ជកម្ម លក់បានអង្ករ២១៨បាវ, មីជាតិ៦២៣កេស, ទឹកត្រី១៤៨យួរ, ទឹកស៊ីអ៊ីវ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។ ដោយឡែកការបញ្ជាទិញតាមរយៈទីផ្សារអនឡាញវិញ មានការបញ្ជាទិញរហូតដល់ ៤១២ប្រតិបត្តិការឯណោះ (គិតត្រឹមម៉ោង១៥ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)៕