មេបក្សយុវជនកម្ពុជា៖ បើការចុះយកសំណាក អ្នករស់នៅតំបន់ក្រហម ដូចក្នុងរូបនេះមែន គឺពុំគួរធ្វើ ល្អជាងធ្វើ

0

ភ្នំពេញ៖ បន្ទាប់ពីឃើញរូបភាពមួយសន្លឹក ដែលមានប្រជាពលរដ្ឋ ជាច្រើននាំគ្នាសម្រុកយកសំណាក តេស្តរកកូវីដ១៩ ដោយមិនរក្សាគម្លាតនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បើសិនជាការចុះយកសំណាក អ្នករស់នៅតំបន់ក្រហម ដូចនៅក្នុងរូបភាពនេះមែន គឺពុំគួរធ្វើ ល្អជាងធ្វើ ដោយសារការប្រមូលផ្តុំមនុស្សបែបនេះ នាំឲ្យមានការឆ្លងកូវីដ១៩ ទៅវិញទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៤ មេសានេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «បើសិនជាការចុះយកសំណាក អ្នករស់នៅតំបន់ក្រហម ដូចនៅក្នុងរូបភាពនេះមែន គឺពុំគួរធ្វើ ល្អជាងធ្វើ ដោយសារការប្រមូលផ្តុំមនុស្សបែបនេះ នាំឲ្យមានការឆ្លងនូវ មេរោគ COVID-19 ដល់អ្នកមិនទាន់ឆ្លងមេរោគ ទៅវិញក្នុងន័យនេះ ខ្ញុំជូនជាយោបល់មួយ គឺរដ្ឋាភិបាលគួរចុះយកតាមភូមិក្នុងតំបន់ក្រហម ហើយកំណត់អំពីចំនួន មនុស្សត្រូវទៅផ្តល់សំណាក និងបែងចែកពេលវេលាឲ្យមនុស្ស ទៅកន្លែងយកសំណាកដោយមិនប្រជ្រៀតគ្នា និងមិនបង្ករឲ្យមានមនុស្សច្រើនកកកុញនោះទេ» ។