សង្វេគណាស់! បុរសម្នាក់ចុះក្នុងរណ្ដៅដើម្បីបូមខ្សាច់ ចៃដន្យដីបាក់សង្កត់លើ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវដីបាក់សង្កត់លើ បណ្តាលឱ្យស្លាប់ក្នុងរណ្ដៅបូមខ្សាច់ ពេលចុះទៅដាក់ទុយោបូមខ្សាច់ ។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅរណ្ដៅបូមខ្សាច់មួយកន្លែង ក្នុងភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា រណ្តៅដីជារបស់ម្ចាស់ដែលស្លាប់ឈ្មោះ មុត គន្ធា ភេទ ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ច្រេស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុឈ្មោះ មុត គន្ធា បានចុះទៅក្នុងរណ្តៅ ដើម្បីបូមខ្សាច់ ពេលដែលកំពុងតែបូមខ្សាច់ ស្រាប់តែដីនៅខាងលើបាក់សង្កត់ ជនរងគ្រោះបណ្ដាលឱ្យស្លាប់តែម្ដង ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយ កកាយបូមយកមនុស្សមកខាងលើ ដើម្បីសង្គ្រោះបន្ទាន់តែ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ សាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕