ភ្នំពេញ៖ គ្រាន់តែឃើញផ្លាកលេខ «កម្ពុជា ឯកឧត្ដម អ្នកឧកញ៉ា ប៉ែន លឹម» ភ្លាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយយ៉ាងខ្លីថា ទើបឃើញស្លាកលេខពិសេស ពិតជាមិនថោកប៉ុន្មានទេ ។ នេះបើតាមការរបស់ លោករដ្ឋមន្ត្រីលើហ្វេសប៊ុក មុននេះបន្តិច ។
សូមបញ្ជាក់ថា ទាក់ទិនករណីនេះដែរលោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ជាបន្ទាន់ ចំពោះរថយន្តពាក់ផ្លាកលេខ «កម្ពុជា ឯកឧត្ដម អ្នកឧកញ៉ា ប៉ែន លឹម» ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៣ មេសា អនុរដ្ឋលេខាធិការក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន មិនមានគោលការណ៍ ឬច្បាប់ណាដែលអនុញ្ញាតអោយ ប្រើប្រាស់ប្រភេទផ្លាកលេខរថយន្តពិសេស ផ្ទាល់ខ្លួនរបៀបនេះទេ ។
លោកសង្កត់ធ្ងន់ថា «នេះជាផ្លាកលេខក្លែងក្លាយ ដែលអ្នកប្រើប្រាស់ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្ស សូមអោយសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ជាបន្ទាន់» ៕