អាជ្ញាធរខេត្តកណ្ដាល បញ្ជាឱ្យ បិទរោងចក្រចំនួន២ នៅស្រុកអង្គស្នូល និងស្រុកមុខកំពូល

0

ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យអាជ្ញាធរបិទរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) ស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងរោងចក្រ Six Plus ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាបណ្ដោះអាសន្ន ក្រោយរកឃើញកម្មការិនី នៃរោងចក្រទាំង២ វិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ និងមានអ្នកពាក់ព័ន្ធជិត ៨០០នាក់។

ការបញ្ជាបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមមន្ត្រី ចុះពិនិត្យមើលការអនុវត្តន៍វិធានសុខាភិបាលទៅចំពោះរោងចក្រទាំង២នេះ ដែលកំពុងមានបញ្ហាជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

លោកអភិបាលខេត្តកណ្តាល បានបញ្ជាឱ្យមន្ត្រីជំនាញបាញ់ថ្នាំសម្លាប់មេរោគក្នុងរោងចក្រទាំង២ឱ្យអស់ មុននឹងបើកដំណើរនៅថ្ងៃណាមួយឡើងវិញ ហើយរៀបចំកន្លែងដាក់អ្នកពាក់ព័ន្ធទាំងអស់ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ។

រោងចក្រចំនួន២ ដែលកំពុងផ្ទុះជំងឺកូវីដ-១៩នោះ គឺទី១៖ រោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងទី២៖ រោងចក្រ Six Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល៕