អាជ្ញាធរសម្រេច​យកសំណាក ប្រជាជនទាំងអស់ នៅក្នុងតំបន់ក្រហម អ្នកមិនសហការ អាចប្រឈមនឹងផ្លូវច្បាប់

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសអំពីការ ប្រមូលសំណាក របស់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រ «តំបន់ក្រហម»។

ជុំវិញករណីនេះ លោក គឹម សនិ្តភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅ ក្នុងតំបន់ក្រហម។ ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ»។

បើតាមលោក គឹម សន្តិភាព ការបង់ប្រាក់ពិន័យអន្តរការណ៍ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ៕