កំសត់ពេកហើយ! ប្តីបើកគោយន្តដឹកទឹកឡើងភ្នំ មិនរួចរអិលថយក្រោយ កិនប្រពន្ធស្លាប់ ឯកូនបាក់ជើងស្តាំ

0

ភ្នំពេញ៖ ប្តីបើកគោយន្តដឹកទឹកយកទៅចម្ការ ពេលមកដល់ចំណុចឡើងភ្នំ ស្រាប់តែគោយន្តឡើងមិនរួច ក៏រអិលថយក្រោយកិនប្រពន្ធដែលជិះម៉ូតូតាមពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែកកូនរងរបួសបាក់ជើង ។ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលរងគ្រោះមានឈ្មោះ ពើប សាអុីត ជនជាតិព្នងអាយុ២១ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរគោយន្ត និងក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ទៀត ត្រូវជាកូនរងគ្រោះបាក់់ជើងខាងស្តាំ ។

ប្រភពបន្តថា គោយន្ដកែច្នៃនោះដឹកទឹកទៅចម្ការ ហើយអ្នកបើកបរឈ្មោះ ទុំ ភេទប្រុស ជនជាតិខ្មែរ ត្រូវជាប្តីជាឪពុកអ្នករងគ្រោះ ដែលពួកគាត់បានដឹកទឹកយក ទៅប្រើប្រាស់នៅក្នុងចម្ការ តែអកុសលក៏ជួបគ្រោះថ្នាក់គោយន្ដ របស់គាត់ឡើងភ្នំមិនរួចដោយសារ តែច្រាលលេខក៏រអិលថយក្រោយកិនប្រពន្ធ និងកូនដែលជិះម៉ូតូតាមពីក្រោយ បណ្ដាលឱ្យប្រពន្ធស្លាប់បាត់បង់ជីវិត ឯកូនរងរបួសបាក់ជើងខាងស្ដាំ ជាទម្ងន់បែបនេះតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ ពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើកំណត់ហេតុប្រគល់សាកសព ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ឯកូនបានបញ្ជូនទៅសង្គ្រោះព្យាបាលជាបន្ទាន់ តែប្តីជាជនបង្កសមត្ថកិច្ច បានឃាត់ខ្លួនសួរនាំ និងមានចំណាត់ការបន្តផងដែរ ៕